ព័ត៌មាន និង ព្រឹត្តិការណ៍​ថ្មីៗ
ព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៦ឧសភា២០១៦ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ...
គណៈប្រតិភូមកពីក្រសួងការបរទេសចិន ...
បង្ហាញទាំងអស់
សាវតារសង្ខេបនៃរាជបណ្ឌិត្យ សភាកម្ពុជា
នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រម លេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់មានដំណើរ ការនៅឡើយទេដោយសារសង្គ្រាមស៊ីវិលចាប់ពី ឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំង នោះទៅ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភា បានបង្កើតឡើងវិញដោយ ព្រះរាជក្រឹត្យលេខ នស/រកត /០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ  អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ រាជ បណ្ឌិត្យសភាកម្ពុជាជាស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់ដ៏ធំមួយរបស់ជាតិ ដែលត្រូវបានបង្កើតឡើងវិញក្នុងដំណាក់កាល ដែលកម្ពុជា ចាកផុតពីសង្គ្រាមស៊ីវិល និងទទួលបាននូវសន្ដិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
  ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្ថាប័ននេះមាន ឈ្មោះថា “រាជបណ្ឌិត្យសភាកម្ពុជា” ចាប់ពីពេលនោះមក។ ក្រោយមកព្រះរាជក្រឹត្យនេះត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យលេខ  នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ដើម្បីសមស្របទៅនឹងសំណូមពរការងារបច្ចុប្បន្ននិងការរីកចម្រើនរបស់ស្ថាប័ន។ បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានចំនួន០៦ជាស្ថាប័នស្រាវជ្រាវ ដែលក្នុងនោះរួមមាន (១)វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មាន៥ផ្នែក (២)វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម មាន៨ផ្នែក (៣)វិទ្យាស្ថានជីវ សាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្ម មាន៤ផ្នែក (៤)វិទ្យាស្ថានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា មាន ៥ផ្នែក (៥)វិទ្យាស្ថានភាសាជាតិ មាន៤ផ្នែក និង (៦)វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិមាន ៦ផ្នែក រួមមាន ៣២ផ្នែក (នាយកដ្ឋាន) ផ្នែកនីមួយៗមាន ២មុខជំនាញ ព្រមទាំងមានមជ្ឈមណ្ឌលចំនួនប្រាំគឺ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (កូរ៉េ) មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសកម្ពុជា (ឥណ្ឌា) មជ្ឈមណ្ឌលគ្រប់គ្រងប្រធានបទ វិទ្យាស្ថាន ខុងជឺ(ចិន) និងមជ្ឈមណ្ឌល ព័ត៌មានវិទ្យា ដែលទាំងអស់សុទ្ធតែបាននិងកំពុងបំពេញភារកិច្ចទាំងក្នុង និងក្រៅ ប្រទេសទៅតាមជំនាញរបស់ខ្លួន។ ទន្ទឹមនឹងនោះ រាជ បណ្ឌិត្យសភាកម្ពុជា មានបណ្ណាល័យអេឡិចត្រូនិកមួយ ដែលមានឈ្មោះបណ្ណាល័យអេឡិចត្រូនិកសម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិត សភាចារ្យ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១១ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ  ហ៊ុន សែន។ បច្ចុប្បន្នបណ្ណាល័យ អេឡិចត្រូនិកនេះ មានឯកសារ ជាភាសាជាតិមាន ចំនួន៣០០ក្បាល ភាសាបរទេស ចំនួន៤លានក្បាល ៧០% ជាភាសាចិន និងមានឯកសារសិក្សាក្រាស់ៗចំនួន ១៧២.៥០០ក្បាល ដែល ក្នុងនោះឯកសារមួយចំនួន ១៥០.០០០ ក្បាលជាភាសា ចិន។ ឯកសារទាំងនោះភាគច្រើនបានទទួលពីសកលវិទ្យាល័យ ជីវ ជាំង ប្រទេស ចិន ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភា កម្ពុជា និងសាកលវិទ្យាល័យជីវជាំងប្រទេសចិនក្នុងបំណងបម្រើដល់ការសិក្សាស្រាវ ជ្រាវរវាងប្រទេសទាំងពីរ ក៏ដូច ជាបណ្តាប្រទេស នានាលើសាកលលោកផងដែរ។   តាមរយៈអនុក្រឹត្យ លេខ៤៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មុខងារ និងភារកិច្ចដល់ រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម ÷    1. គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ នៅក្នុងនិងក្រៅប្រទេស។ 2. ស្ថាបនាទំនាក់ទំនងសហប្រតិបត្ដិការ ផ្នែកស្រាវជ្រាវជាមួយ ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្ដរជាតិ ដែលមានគោលបំណង ដូចគ្នា។ 3. រៀបចំវេទិកាវិទ្យាសាស្ដ្រ និងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ 4. បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ 5. បោះពុម្ពផ្សាយឯកសារ និងស្នាដៃស្រាវជ្រាវជាភាសាជាតិឱ្យបានទូលំទូលាយដល់មហាជននៅ ក្នុងប្រទេស និងជាភាសាបរទេស                           ដើម្បីផ្សព្វផ្សាយខេមរវិទ្យានៅលើវេទិកាអន្ដរជាតិ។ 6. ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវ អំពីប្រទេសកម្ពុជា អំពីបណ្ដាប្រទេសនៅក្នុងតំបន់ និង លើពិភពលោក។ 7. ប្រមូលកម្លាំងបញ្ញាញាណរបស់ជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស។ 8. លើកសំណើជូនគោរមងារ និងគ្រឿងឥស្សរិយយសវិទ្យាសាស្ដ្រ ដល់ឥស្សរជនឆ្នើមជាតិនិងអន្ដរជាតិ។ 9. សហការពិនិត្យនិងវាយតម្លៃសញ្ញាបត្រឧត្ដមសិក្សា និងក្រោយ ឧត្ដមសិក្សា ពិសេសថ្នាក់ជាតិ។ 10. រួមចំណែក និងធ្វើសហប្រតិបត្ដិការក្នុងការការពារកម្មសិទ្ធិ ផ្នែកវិទ្យាសាស្ដ្រគ្រប់វិស័យទាំងក្នុង និងក្រៅប្រទេស។ បច្ចុប្បន្ន បាន សហការជាមួយនឹងសាកលវិទ្យាល័យនានានិងបណ្ឌិត្យសភា លើសកលលោកផងដែរ។ 11. ពិនិត្យ និងវាយតម្លៃ ស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រនានា។ 12. ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គមនិងរួមវិភាគទានជំរុញការអភិវឌ្ឍ ទាំងភាសាជាតិប្រវត្ដិសាស្ដ្រជាតិ វិទ្យាសាស្ត្រចំណីអាហារ។ល។ 13. សហការរួមចំណែកទំនាក់ទំនងជាមួយក្រសួងនានា ទៅតាមជំនាញនៃផ្នែករបស់វិទ្យាស្ថាននីមួយៗ។ 14. ត្រៀមបង្កើត និងគ្រប់គ្រងសាខានៃរាជបណ្ឌិត្យសភាកម្ពុជានៅ តាមភូមិភាគនានាលើផ្ទៃប្រទេស។ 15. សហការជាមួយក្រសួងដែលពាក់ព័ន្ធ ដើម្បីជួយបង្កើត និងណែនាំការគ្រប់គ្រងសារមន្ទីរបុរេប្រវត្ដិ-សាស្ដ្រនៅតាមខេត្ដ/ក្រុងនានា  ដើម្បីជាកិច្ចឆ្លើយតបនូវកំណើតរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៩ ក្នុងឱកាស សម្ពោធរាជបណ្ឌិត្យសភាកម្ពុជា  សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន បានគូសបញ្ជាក់ថា៖...ខ្ញុំជឿថា «ពិធីសម្ពោធរាជបណ្ឌិត្យសភានៅថ្ងៃនេះ គឺជាការបើកនូវសករាជថ្មីមួយទៀតនៃការអភិវឌ្ឍធន ធានមនុស្សរបស់កម្ពុជា... បទពិសោធន៍នៃប្រទេសជិតខាងជាច្រើនបានបង្ហាញឱ្យ ឃើញថា ការអភិវឌ្ឍធនធាន មនុស្ស គឺជាគន្លឹះដ៏សំខាន់នៅក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកតម្កើងជីវភាពរបស់ប្រជាជន  ហើយកិច្ចការនេះ វារឹតតែមានសារសំខាន់ពិសេសខ្លាំងណាស់ទៅទៀតសម្រាប់កម្ពុជាដោយសារថា ប្រទេសជាតិយើងកំពុង តែខិតខំ តស៊ូ ដើម្បីជម្នះនូវមត៌កប្រវត្ដិសាស្ដ្រដ៏ឈឺចាប់ ដែលបន្សល់ទុកដោយរបបប្រល័យពូជសាសន៍និងសង្គ្រាម អូសបន្លាយនៅក្នុងអតីតកាល ថ្មីៗរបស់ខ្លួន។    ...នៅចំពោះមុខអរុណោទ័យនៃសហស្សវត្សថ្មី ពិភពលោកកំពុងតែធ្វើដំណើរយ៉ាងលឿនទៅមុខនៅក្នុងចរន្ដសាកលភាវូបនីយកម្មឆ្ពោះ ទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលគ្មានព្រំដែន និងគ្មានឧបសគ្គសម្រាប់ចរាចរនៃ ទំនិញ សេវាមូលធន និងកម្លាំងពលកម្ម ដែលមានចរិត ជាសេដ្ឋកិច្ចរេខូបនីយកម្ម (Digitalized Economy) ដោយពឹងផ្អែកលើចំណេះដឹង (Knowledge-based economy)។ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ថ្មីនេះ មូលធនបញ្ញានឹង ដើរតួនាទីគន្លឹះ ក្នុងការកំណត់សមត្ថភាពដណ្ដើមឈ្នះរបស់ជាតិនីមួយៗ។   ...ខ្ញុំមានមហិច្ឆតាចង់ប្រែក្លាយទសវត្សរ៍ទីមួយនៃសហស្សវត្សថ្មី ឱ្យទៅជាទសវត្សរ៌នៃកំណើនសេដ្ឋកិច្ច ទសវត្សនៃការប្រយុទ្ធនឹងភាពក្រី ក្រតោកយ៉ាកដើម្បី វឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់កម្ពុជានោះ គឺសង្គ្រាម នៃការពង្រឹងវប្បធម៌សន្ដិភាព និង ការប្រយុទ្ធដើម្បីការ អភិវឌ្ឍដោយចីរភាព និងសមធម៌ ដែលខ្ញុំជឿថា នឹងជួយឱ្យ យើងអាចលើកស្ទួយឡើងវិញបាននូវព្រលឹង និងអត្ដសញ្ញាណជាតិ និងទ្រទ្រង់ នូវប្រជាជាតិមួយដែលធ្លាប់តែរឹងមាំ និងមានមោទនភាពឱ្យងើបមកកាន់សភាពដើមរបស់ខ្លួនឡើងវិញ។ នៅក្នុងរយៈពេលពី២០ ទៅ៣០ឆ្នាំ ខាងមុខ ខ្ញុំចង់ឃើញប្រទេសកម្ពុជាក្លាយទៅជាប្រទេសមួយ ដែលមានកម្រិតរីកចម្រើន ប្រហាក់ប្រហែលនឹងបណ្ដាប្រទេសជឿនលឿន នានា ដែលនៅជិតខាងនៅក្នុងតំបន់ ហើយប្រជាជនកម្ពុជាគ្រប់រូបនឹងមានជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរស្ថិតនៅក្នុងវឌ្ឍនភាព វិបុលភាព និងសុភមង្គល។   ខ្ញុំយល់ថា យើងមានមូលហេតុគ្រប់គ្រាន់សម្រាប់ស្មារតីសុទិដ្ឋិនិយម និង ក្ដីសង្ឃឹមថា យើងនឹងបានទទួល ជ័យជម្នះនៅក្នុងសង្គ្រាមដ៏ លំបាកនេះ។ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ យើងសម្រេចបាននូវសមិទ្ធផលដ៏ច្រើន បើប្រៀបធៀបនឹងប្រទេសឯទៀតដែលត្រូវចំណាយពេល វេលាអស់រាប់ទសវត្ស ដើម្បីឈានពីស្ថានភាព ដែលយើង បានជួបប្រទះកាលពីប៉ុន្មានឆ្នាំ ឬប៉ុន្មានខែមុននឹងមកដល់ស្ថានភាពនាពេល បច្ចុប្បន្ននេះ។ ជាការពិតណាស់ យើងនឹង ត្រូវជួបប្រទះជាមួយបញ្ហាប្រឈម និងឧបសគ្គជាច្រើនទៀតនាពេលខាងមុខ ហើយត្រូវធ្វើដំ ណើរទៅមុខឱ្យបានឆាប់រហ័ស ដោយត្រូវលោតផ្លោះ ដំណាក់កាលជាច្រើនថែមទៀត។ ក៏ប៉ុន្ដែ សមិទ្ធផលដែលយើងទទួលបានធ្វើឱ្យខ្ញុំ មាន ជំនឿថា កម្ពុជានឹងឆ្លងកាត់រាល់ឧបសគ្គ និងការលំបាកទាំងឡាយនាពេលអនាគត។ ផ្លូវដែលកម្ពុជាត្រូវដើរនៅ វែងអន្លាយ ហើយ លំបាកណាស់។ តែអស់លោកអ្នកប្រាកដជាយល់ស្របនឹងខ្ញុំថា សង្គមមួយដែលបានរស់ឡើង វិញពីអន្លង់មហន្ដរាយ ហើយធ្វើដំណើរ ឆ្លងកាត់កំណាត់ផ្លូវដ៏វែងក្នុងរយៈពេលខ្លីបែបនេះ គឺមិនមែនជាការសាមញ្ញ ធម្មតានោះទេ។ នេះគឺជាសញ្ញាដែលបង្ហាញឱ្យឃើញនូវសក្ដា នុពលភាពដ៏ធំធេងសម្រាប់អនាគតនៃកម្ពុជាយើង។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំដឹងយ៉ាងច្បាស់ថា នេះគឺជាសមរភូមិប្រយុទ្ធធំណាស់ សម្រាប់យើងទាំងអស់គ្នា។ គន្លឹះសំខាន់បំផុត សម្រាប់ជ័យជម្នះក្នុងរយៈពេលវែងនៅក្នុងសង្គ្រាមនេះ គឺការអភិវឌ្ឍធនធានមនុស្សប្រកប ទៅដោយចីរភាព ពិសេសរាជបណ្ឌិត្យសភាត្រូវ ដើរតួនាទីស្នូលយ៉ាងសំខាន់នៅក្នុងកិច្ចការនេះ។ខ្ញុំសង្ឃឹមថា ក្រោយពីការសម្ពោធជាផ្លូវ ការនៅថ្ងៃនេះ រាជបណ្ឌិត្យសភា នឹងរៀបចំបានរចនាសម្ព័ន្ធគ្រឹះសម្រាប់ប្រែក្លាយខ្លួនឱ្យទៅជាមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ដ្រនៃការអភិ វឌ្ឍធនធានមនុស្ស ជាឃ្លាំងនៃចំណេះវិជ្ជាជាន់ខ្ពស់ ជាទី កន្លែងប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិនិងជាស្ថាប័ននៃការបណ្ដុះបណ្ដាលជាន់ ខ្ពស់ក្នុងកម្រិតជាតិ និងអន្ដរជាតិ សម្រាប់ប្រទេសកម្ពុជានិង សម្រាប់បណ្ដាប្រទេស ក្នុងតំបន់ ក៏ដូចជាលើសាកលលោកផងដែរ។ ក្នុងន័យ នេះ ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថាប័នជាតិ និងដៃគូអន្ដរជាតិទាំងអស់សូមឱ្យជួយផ្ដល់ការឧបត្ថម្ភ គាំទ្រដល់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីឱ្យ ស្ថាប័ន នេះអាចសម្រេចបានដោយជោគជ័យនូវបេសកកម្ម ដ៏ឧត្ដុង្គឧត្ដម ក្នុងការរួមចំណែកអភិវឌ្ឍមូលធនបញ្ញា និងការប្រមូលផ្ដុំនូវកម្លាំង បញ្ញាញាណរបស់ជាតិ ដើម្បីបុព្វហេតុនៃអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា »។